ការព្យាបាលដោយការប្រើប្រាស់អុកស៊ីសែន - Oxygen Therapy


 

ការព្យាបាលដោយការប្រើប្រាស់អុកស៊ីសែន

1.    និយមន័យ

ការព្យាបាលដោយអុកស៊ីសែន​ គឺជា ការព្យាបាលបែបវេជ្ជសាស្ត្រក្នុងការផ្តល់អុកស៊ីសែនដល់អ្នកជំងឺសម្រាប់ជំនួយក្នុងការដកដង្ហើម ដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹម​ជាលិកា និង ខួរក្បាល។

2.    គោលបំណង

·         កែតម្រូវឬព្យាបាលកង្វះអុកស៊ីសែនក្នុងឈាម (Correcting Hypoxemia)​​: ដើម្បីឲ្យអុកស៊ីសែនទៅចិញ្ចឹមជាលិកា និងខួរក្បាលបានគ្រប់គ្រាន់។

·         កាត់បន្ថយរោគសញ្ញានៃកង្វះអុកស៊ីសែនក្នុងឈាម (Decreasing symptoms of hypoxemia): ការផ្តល់អុកស៊ីសែនអាចកាត់បន្ថយសញ្ញាមួយចំនួនដូចជា​កាត់បន្ថយការប្រឹងក្នុងការដកដង្ហើម​ ហត់ និង​ធ្វើអោយប្រសើរឡើងនូវកម្រិតស្មារតីរបស់អ្នកជំងឺ។

·         កាត់បន្ថយការខំប្រឹងច្របាច់របស់បេះដូង (Minimizing cardiopulmonary workload ): នៅពេលដែលកង្វះអុកស៊ីសែនក្នុងឈាម ប្រព័ន្ធសរសៃឈាមបេះដូងប្រឹងធ្វើការដើម្បីលៃតម្រូវឲ្យរាងកាយទទួលបានអុកស៊ីសែនទៅចឹញ្ចើមជាលិកានិងខួរក្បាលគ្រប់គ្រាន់ដោយការបង្កើនការកន្រ្តាក់បេះដូង ដើម្បីបង្កើនទិន្នផលបេះដូង​ និង​បង្កើនការដកដង្ហើមចេញនិងចូលដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់។

 

3.    ជំងឺដែលត្រូវការព្យាបាលដោយអុកស៊ីសែន

·         ជំងឺផ្លូវដង្ហើមស្រួចស្រាវ(Acute respiratory failure)

·         ជំងឺខ្សោយបេះដូង (Cardiac failure)

·         ស្ហុក (Shock)

·         ស្លេកស្លាំង (Anemia)

·         ពេលសង្គ្រោះផ្លូវដង្ហើម និងបេះដូង(During CPR)

·         ពេលដាក់ថ្នាំសណ្តំដើម្បីវះកាត់(During anesthesia for surgery)

·         ការកើនឡើងសារធាតុរ៉ែក្នុងឈាម ដែលបណ្តាលមកពី ការប៉ះទង្គិច រលាក ឬការបង្ករោគ (Hyper-metabolic state induced by trauma, burn, or sepsis)

4.    វិធីសាស្រ្ត៣យ៉ាងដើម្បីដឹងថាអ្នកជំងឺត្រូវការអុកស៊ីសែន

·         ការវាស់វែងដោយមន្ទីរពិសោធន៍(Laboratory measures): Invasive or noninvasive PaO2, SaO2 or SpO2  monitoring.

·         រោគវិនិច្ឆ័យគ្លីនិក (Clinical Problem or condition): អ្នកជំងឺក្រោយវះកាត់ ជំងឺរលាកសួត ជាដើម (atelectasis, Pulmonary edema... etc.)

·         រោគសញ្ញានៃការខ្វះអុកស៊ីសែន (Symptoms of hypoxemia): ចង្វាក់បេះដូងញាប់ ចង្វាក់ដង្ហើមញាប់ សម្ពាធឈាមឡើង ព៌ណសំបុរឡើងស្វាយ ហត់ ជាដើម។

 

5.    ផលវិបាកនៃការព្យាបាលដោយការប្រើអុកស៊ីសែន

·         ពុលអុកស៊ីសែន (Oxygen toxicity)

·         ប៉ះពាល់ដល់ការលូតលាស់ភ្នែកចំពោះទារក​ទើបកើត (Retro lental fibroplasia)

·         ធ្វើឲ្យAlveolar កំពិត (Absorption atelectasis)

 

6.    ប្រភពអុកស៊ីសែនមាន២ប្រភេទ

Oxygen cylinder

 

Oxygen wall outlets

 

7.    របៀបរក្សាទុកអុកស៊ីសែន

·         ត្រូវដាក់ស្លាកសញ្ញា ពេញ ឬ អស់ លើធុងអុកស៊ីសែន

·         ត្រូវដាក់ធុងអុកស៊ីសែនអោយឆ្ងាយពីភ្លើង និងដាក់ក្នុងម្លប់

 

8.    វិធីសាស្ត្រក្នុងការផ្តល់អុកស៊ីសែន

·         ការផ្តល់តាមបំពង់អុកស៊ីសែន (Nasal cannula)

ជាវិធីសាស្ត្រដែលយើងប្រើប្រាស់ជាញឹកញាប់និងមានផាកសុខភាព ហើយអ្នកជំងឺអាចទទួលបានអុកស៊ីសែនពី 22-44%​ ពេលដែលយើងផ្តល់កម្រិតពី1-6L/min តាមបំពង់ផ្តល់អុកស៊ីសែន។ ប៉ុន្តែចំពោះទារកទើបនឹងកើត យើងផ្តល់កម្រិត 0,5-2L/min

·         ការផ្តល់តាមម៉ាស់ធម្មតា (Face Mask)

ជាវិធីសាស្ត្រមួយនៃការព្យាបាលដោយអុកស៊ីសែនដែលអ្នកជំងឺអាចទទួលបានអុកស៊ីសែនពី 35-50% ពេលដែលយើងផ្តល់កម្រិតពី 5-10L/min ។ ជាញឹកញាប់គេប្រើនៅពេលដែលតម្រូវការផ្តល់អុកស៊ីសែនក្នុងរយះពេលខ្លីនិងជាមធ្យមព្រោះការប្រើច្រើនអាចបណ្តាលអោយមានផលវិបាកផ្សេងៗ។

·         ការផ្តល់តាមម៉ាស់ថង់ (Mask with bag)

ជាវិធីសាស្ត្រនៃការផ្តល់អុកស៊ីសែនដែលជាញឹកញាប់គេប្រើសម្រាប់អ្នកជំងឺធ្ងន់ស្ហុកជាដើមដែលអ្នកជំងឺអាចទទួលបានអុកស៊ីសែនពី 60-95% ពេលយើងផ្តល់កម្រិតពី 10-15L/min

·         ការផ្តល់តាម CPAP (Continued positive airway pressure)

ជាវិធីសាស្រ្តក្នុងផ្តល់អុកស៊ីសែនដែលភាគច្រើនប្រើជាទូទៅចំពោះកុមារដែលមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរដូចជារលាកទងសួត និង​រលាកសួតជាដើម។ អ្នកជំងឺអាចទទួលបានអុកស៊ីសែនពី 95-99%

·         ការផ្តល់តាមទុយោរសុងអាំងទុយបេ (Endotracheal tube)

ជាវិធីសាស្ត្រក្នុងការផ្តល់អុកស៊ីសែនដែលគេប្រើសម្រាប់អ្នកជំងឺធ្ងន់ធ្ងរខ្លាំងដែលអ្នកជំងឺអាចទទួលបានអុកស៊ីសែន 100%

 

9.    ការថែទាំំអ្នកជំងឺព្យាបាលដោយអុកស៊ីសែន

·         ផ្តល់តាមបំពង់អុកស៊ីសែន (Nasal cannula):

o   ពិនិត្យពីភាពស្រឡះនៃផ្លូវខ្យល់

o   ជ្រើសរើសទំហំផ្តល់អុកស៊ីសែនតាមច្រមុះ (nasal prongs) ឲ្យបានសមស្រប

o   ពិនិត្យទឹកផ្តល់សន្សើមថាមានគ្រប់គ្រាន់ឬទេ? ហើយប្រាកដថាទឹកនោះទឹកថ្មី

o   សម្អាតមាត់និងច្រមុះអ្នកជំងឺអោយស្អាតល្អ

o   ដាក់ចុងបំពង់អុកស៊ីសែនក្នុងរន្ធច្រមុះអ្នកជំងឺក្នុងជម្រៅមិនឲ្យលើសពី១សម

o   មួលតម្រូវកម្រិតអុកស៊ីសែនឲ្យបានសមស្របតាមវេជ្ជបញ្ជា

o   ពិនិត្យនិងតាមដានសញ្ញានៃកង្វះអុកស៊ីសែន៖ ពិបាកដកដង្ហើម ហត់ជាដើម

·         ការផ្តល់តាមម៉ាស់​ ​ឬ ម៉ាស់មានថង់(Mask or Mask with bag)

o   ពិនិត្យភាពស្រឡះនៃផ្លូវខ្យល់

o   ជ្រើសរើសម៉ាស់ ឬម៉ាស់មានថង់ឲ្យបានសមស្របសម្រាប់អ្នកជំងឺ

o   ពិនិត្យទឹកផ្តល់សន្សើមថាមានគ្រប់គ្រាន់ឬទេ? ហើយប្រាកដថាទឹកនោះទឹកថ្មី

o   សម្អាតមាត់និងច្រមុះអ្នកជំងឺឲ្យបានស្អាតល្អ

o   មួលបើកអុកស៊ីសែនដោយត្រូវឲ្យឆ្លងកាត់ទឹកផ្សើមសិន មុនពេលដាក់អោយអ្នកជំងឺ។ ហើយបើសិនជាប្រើម៉ាស់មានថង់ ត្រូវបំពេញខ្យល់ក្នុងថង់ជាមុនសិន។

o   ដាក់ម៉ាស់ឬម៉ាស់មានថង់គ្របអោយជិតមាត់និងច្រមុះរបស់អ្នកជំងឺ

o   បើកតម្រូវកម្រិតអុកស៊ីសែនឲ្យសមស្របតាមវេជ្ជបញ្ជា

o   ពិនិត្យនិងតាមដានសញ្ញានៃកង្វះអុកស៊ីសែន៖ ពិបាកដកដង្ហើម ហត់ជាដើម

·         ការផ្តល់តាម CPAP:

o   ពិនិត្យពីភាពស្រឡះនៃផ្លូវខ្យល់

o   ជ្រើសរើសទំហំផ្តល់អុកស៊ីសែនតាមច្រមុះ (nasal prongs) ឲ្យបានសមស្របស៊ុបជាមួយច្រមុះអ្នកជំងឺ

o   ពិនិត្យទឹកផ្តល់សន្សើមថាមានគ្រប់គ្រាន់ឬទេ? ហើយប្រាកដថាទឹកនោះទឹកថ្មី

o   ពិនិត្យនិងសម្អាតមាត់ច្រមុះអ្នកជំងឺឲ្យបានស្អាតល្អ

o   ពិនិត្យនិងបំពេញទឹកក្នុងដប CPAP អោយបានត្រឹមត្រូវតាមក្រិត

o   លៃតម្រូវអុកស៊ីសែននិងសម្ពាធដែលត្រូវផ្តល់ឲ្យអ្នកជំងឺ (PEEP=Positive end expiratory pressure) ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា

o   ពិនិត្យពីភាពស្ងួតនៃភ្នាសច្រមុះនិងសម្អាតរន្ធច្រមុះរៀងរាល់៤ម៉ោងម្តង

o   ពិនិត្យពីប្រសិទ្ធភាពរបស់ CPAP ដូចជាទឹកក្នុងដបពុះតាមចលនា​ដកដង្ហើមចេញរបស់អ្នកជំងឺ, nasal prongs ស៊ប់ជាមួយច្រមុះអ្នកជំងឺ, អ្នកជំងឺដកដង្ហើមតាមច្រមុះ និងអ្នកជំងឺគេងក្នុងស្ថានភាពសុខស្រួល

o   តាមដាននិងវាយតម្លៃស្ថានភាពរបស់អ្នកជំងឺ៖​ សញ្ញានៃកង្វះអុកស៊ីសែន ពិបាកដកដង្ហើម ហត់ជាដើម។

 

ចំណាំ

·         គ្រប់ប្រភេទនៃការផ្តល់អុកស៊ីសែនត្រូវមានវេជ្ជបញ្ជា

·         គិលានុបដ្ឋាកជាអ្នកផ្តល់អុកស៊ីសែន

·         ហាមប្រើនូវអ្វីដែលធ្វើអោយមានចំហេះក្នុងបន្ទប់ដែលមានប្រើអុកស៊ីសែន ដូចជាការជក់បារី ការអុជទៀន ធូប ជាដើម។

10. ឯកសារយោង

·         Samuels, M., & Wieteska, S. (Ed.). (2017). Advances Pediatric Life Support (Australia and New Zealand) (6th ed.). Southern Gate, UK: John Wiley & Sons Ltd. (pp: 25-210)

·         Oxygen therapy for children a manual for health workers (2016). World Health Organization. Switzerland: Geneva. Retrieved from: https://www.who.int/maternal_child_adolescent/documents/child-oxygen-therapy/en/

 

Hypoxia and oxygen therapy – slide share. Retrieved from: https://www.slideshare.net/preetiupadhyay984/hypoxia-and-oxygen-therapy