ការបូមស្លេស្ម - suctioning


 

ការបូមស្លេស្ម

១. និយមន័យ

        ការបូមស្លេស្មជាការបឺតយកចេញនូវស្លេស្មពីផ្នែកខាងក្នុងនៃផ្លូវខ្យល់

២. ការបូមស្លេស្មធ្វើឡើងក្នុងគោលបំណង៖

·          ដើម្បីរក្សាផ្លូវខ្យល់អោយស្អាត​ ចំហរ

·          បង្កើនកម្រិតអុកស៊ីសែន

·          យកចេញនូវស្លេស្មដែរធ្វើអោយស្ទះផ្លូវដង្ហើម

·          ធ្វើអោយអ្នកជម្ងឺដកដង្ហើមបានល្អ

·          ដើម្បីយកស្លេស្មទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍

៣. ប្រភេទនៃកាតេទែរបូមស្លេស្ម និងទំហំកាតេទែរទៅតាមប្រភេទអាយុ

        ប្រភេទកាតេទែរមានទៅតាមទំហំនិងពណ៍របស់វា​ វាត្រូវបានគេយកមកប្រើដោយគិតទៅតាមប្រភេទអាយុ និងភាពសមស្របរបស់អ្នកជម្ងឺ


 


៤.​ ប្រភេទនៃការបូមស្លេស្ម

ការបូមស្លេស្មយើងអាចធ្វើបានតាម៣ផ្លូវ​មានដូចជា៖

·         ការបូមស្លេស្មតាមច្រមុះមាត់(Nasopharyngeal suction)

·         ការបូមស្លេស្មតាមបំពង់អាំងទុយបេឬហៅថាបំពង់សុងផ្លូវខ្យល់(Endotracheal Tube suction)

·         ការបូមស្លេស្មតាមបំពង់ចោះផ្លូវដង្ហើម(Tracheotomy suction)

 


ចំណែកឯវិធីសាស្រ្តនៃការបូមស្លេស្មនេះគេចែកចេញជា២​គឺ៖

·         ការបូមស្លេស្មតាមប្រព័ន្ធបិទ (Close suction)

·         ការបូមស្លេស្មតាមប្រព័ន្ធបើកឬចំហរ (Open suction)   រូបខាងលើ


 

៥. ទម្រង់ការនៃការបូមស្លេស្មទៅតាមប្រភេទ

៥.១ ការបូមស្លេស្មតាមមាត់ច្រមុះ

សម្ភារៈមានដូចជា៖

·         ម៉ាស៊ីនបូមស្លេស្ម

·         ទុយោភ្ជាប់ពីម៉ាស៊ីនបូមស្លេស្មទៅនិងកាតេទែរបូមស្លេស្ម

·         ឧបករណ៏ការពារចាំបាច់ ស្រោមដៃស្តេរីល ម៉ាស​ វ៉ែនតា

·         កាតេទែរបូមស្លេស្ម​ តាមទំហំសមស្រប

·         ទឹកស្តេរីល ឬសេរ៉ូមប្រៃ

·         ពែង ឬកូនផ្តិលស្តេរីល

·         ទឹករំអិល ឬជែល

ទម្រង់ការថែទាំ

1.    ពន្យល់អ្នកជម្ងឺនិងក្រុមគ្រួសារពីទម្រង់ការដែលត្រូវធ្វើ

2.    រៀបចំសម្ភារ និងរៀបចំស្ថានភាពអ្នកជម្ងឺក្នុងស្ថានភាពពាក់កណ្តាលអង្គុយ

3.    លាងដៃ និងពាក់ឧបករណ៍ការពារតាមការចាំបាច់

4.    បើកម៉ាស៊ីនបូមស្លេស្ម ហើយកំណត់កម្រិតសម្ពាធដែលត្រូវបូមស្លេស្មទៅតាមអាយុ

5.    កំណត់ប្រវែងនៃការស៊កបញ្ចូលកាតេទែរបូមស្លេស្មឲ្យបានច្បាស់លាស់ ដោយវាស់ពីចុងច្រមុះទៅទងត្រចៀក

6.    បើកកញ្ចប់កាតេទែរបូមស្លេស្មដោយរក្សាផ្នែកខាងក្នុងកញ្ចប់ឲ្យនៅស្តេរីល

7.    ចាក់ទឹកស្តេរីលបន្តិចទៅក្នុងកូនផ្តិលស្តេរីល

8.    ដោះស្រោមដៃចាស់ចេញបើសិនជាបានពាក់ និងពាក់ស្រោមដៃថ្មីស្តេរីល (ដៃដែលថ្នឹកត្រូវរក្សាភាពស្តេរីល​ហើយដៃម្ខាងទៀតពាក់ត្រឹមស្រោមដៃស្អាតក៏បាន)

9.    ចាប់កាន់កាតេទែរបូមស្លេស្មដោយដៃដែលថ្នឹក

10. កាន់ទុយោភា្ជប់ជាមួយកាតេទែរដោយដៃដែលថ្នឹក ហើយភ្ជាប់ទុយោជាមួយកាតេទែរឲ្យមានសុវត្ថិភាពល្អ

11. បូមទឹកស្តេរីល ឬសេរ៉ូមប្រៃពីក្នុងកូនផ្តិលបន្តិច ដើម្បីអោយដឹងថាម៉ាស៊ីនមានដំណើរការបានល្អដែរឬទេ?

12. ជ្រលក់ចុងការតេទែរទៅក្នុងកូនផ្តិលដែលមានទឹករំអិល

13. ស៊កបញ្ចូលកាតេទែរបូមស្លេស្មទៅក្នុងរន្ធច្រមុះ ហើយរុញចូលដោយថ្នមៗទៅតាមប្រវែងកាតេទែរដែលបានកំណត់

14. ដាក់មេដៃដែលថ្នឹកនៅលើរន្ធខ្យល់របស់ទុយោបូមស្លេស្ម ហើយធ្វើការបូមស្លេស្មជាប់រហូតនិងធ្វើការដកទុយោបូមស្លេស្មចេញពីរន្ធច្រមុះ បង្វិលទុយោបូមស្លេស្មជាមួយមេដៃនិងចង្អុលដៃនៅក្នុងពេលដកទុយោចេញ

15. ត្រូវសម្រាកយ៉ាងហោចណាស់២០­៣០វិនាទីបន្ទាប់ពីការបូមម្តងៗ

16. បូមទឹកស្តេរីល ឬសេរ៉ូមប្រៃលាងទុយោបូមស្លេស្ម និងកាតេទែរបូមស្លេស្ម

17. ធ្វើរបៀបនេះសារឡើងវិញរហូតដល់ផ្លូវខ្យល់ស្រឡះល្អ

18. រុំកាតេទែរបូមស្លេស្មជុំវិញដៃដែលថ្នឹករួចហើយទាញស្រោមដៃផ្នែកខាងក្នុងចេញក្រៅ

19. កាតេទែរត្រូវរក្សាទុកក្នុងស្រោមដៃនេះរួចហើយដោះស្រោមដៃម្ខាងទៀងចេញ

20. ចាក់ចោលទឹកស្តេរីល ឬសេរ៉ូមប្រៃដែលសល់ក្នុងផ្តិល

21. ដោះឧបករណ៍ការពារខ្លួនចេញ រួចលាងដៃ

22. ពិនិត្យ ​និង វាយតម្លៃសម្លេងដង្ហើមដើម្បីកំណត់ប្រសិទ្ធភាពក្រោយពីការបូមស្លេស្ម

23. ធ្វើការកត់ត្រាក្នុងឯកសារអ្នកជម្ងឺ៖ កាលបរិច្ឆេទ ម៉ោង បច្ចេកទេសដែលបានអនុវត្ត បរិមាណ ពណ៌ ក្លិន ភាពស្អិត ការឆ្លើយតបរបស់អ្នកជំងឺពេលបូមស្លេស្ម និងសម្លេងដង្ហើមបន្ទាប់ពីអនុវត្តន៍ទម្រង់ការហើយ។

៥.២​ ការបូមស្លេស្មតាមសុងអាំងទុយបេ

          សម្ភារៈមានដូចជា៖

·         ម៉ាស៊ីនបូមស្លេស្ម

·         ទុយោភ្ជាប់ពីម៉ាស៊ីនបូមស្លេស្មទៅនិងកាតេទែរបូមស្លេស្ម

·         ឧបករណ៏ការពារចាំបាច់ ស្រោមដៃ ម៉ាស​ វ៉ែនតា​ អាវអៀម

·         កាតេទែរបូមស្លេស្ម​ តាមទំហំសមស្រប

(ទំហំរបស់កាតេទែរមិនត្រូវអោយធំលើសពីពាក់កណ្តាលនៃ ETT ទេ)

·         ស្រោមដៃស្តេរីល

·         ទឹកស្តេរីល ឬសេរ៉ូមប្រៃ និងពែង ឬកូនផ្តិលស្តេរីល

·         ឧបករណ៍ជំនួយដង្ហើមសប់ដោយដៃ ភ្ជាប់ជាមួយអុកស៊ីសែន

·         ស្តេតូស្កុប

·         ថ្នាំសម្រាប់ផ្តល់អោយអ្នកជំងឺ មុនពេលធ្វើទម្រង់ការបើចាំបាច់

ទម្រង់ការ

1.    ពន្យល់អ្នកជម្ងឺ និងក្រុមគ្រួសារពីទម្រង់ការដែលត្រូវធ្វើ

2.    រៀបចំសម្ភារ និងជ្រើសរើសទំហំនៃឧបករណ៍ជំនួយដង្ហើម និងម៉ាស់ដែលមានទំហំសមស្របសម្រាប់អ្នកជម្ងឺ

3.    តាមដានសញ្ញាជីវិត និងសញ្ញាដែលតម្រូវអោយមានការបូមស្លេស្ម និងស្តាប់សួត សម្របសម្រួលការបូមស្លេស្មជាមួយទម្រង់ការផ្សេងទៀតដែលទាក់ទងនឹងសួតដូចជាការគោះទ្រូងបញ្ចេញស្លេស្មជាដើម

4.    លាងដៃ ពាក់ស្រោមដៃស្អាត និងឧបករណ៍ការពារដែលចាំបាច់

5.    បើកម៉ាស៊ីនបូមស្លេស្ម និងមួលតម្រូវកម្រិតសម្ពាធម៉ាស៊ីន

6.    កំណត់ពីប្រវែងនៃកាតេទែរបូមស្លេស្មទៅតាមទំហំនិងប្រវែងនៃសុង​ដែលត្រូវស៊កចូល (ការប្រឹងស៊កសុងបូមស្លេស្មទៅប៉ះកន្លែងដែលចាល់អាចបណ្តាលឲ្យងាយប៉ះពាល់ជាលិកាស្តើងខាងក្នុង)

7.    បើកកញ្ចប់កាតេទែរបូមស្លេស្ម ដោយរក្សាផ្នែកខាងក្នុងកញ្ចប់ឲ្យនៅស្តេរីល

8.    ចាក់ទឹកស្តេរីល ឬសេរ៉ូមប្រៃចូលក្នុងពែងឬផ្តិល

9.    ដោះស្រោមដៃចាស់ចេញ និងពាក់ស្រោមដៃស្តេរីល

10. ចាប់កាតេទែរបូមស្លេស្មដោយដៃដែលថ្នឹក

11. ចាប់ទុយោបូមស្លេស្មដោយដៃដែលមិនថ្នឹក​ និងភ្ជាប់ជាមួយកាតេទែរបូមស្លេស្ម

12. បឺតទឹកស្តេរីលចូលក្នុងកាតេទែរបូមស្លេស្ម

13. ផ្តល់ដង្ហើមដោយសប់បញ្ចូលខ្យល់យ៉ាងហោចណាស់ ៣០វិនាទី។ ផ្តាច់សុងអាំងទុយបេពីម៉ាស៊ីនជំនួយដង្ហើមដោយដៃម្ខាងដែលមិនថ្នឹក និងបន្តសប់បញ្ចូលខ្យល់ដោយដៃចំនួន៥­៦ដង រយៈពេល៣០វិនាទី

14. ស៊កកាតេទែរបូមស្លេស្មចូលក្នុងសុង ETT ដោយថ្នមៗដោយប្រើដៃដែលថ្នឹក និងស៊កមិនអោយហួសចុង ETT ទេ បើសិនមានអារម្មណ៍ថាចាល់ត្រូវថយប្រវែង ០.៥­១ស.ម និងបន្ទាប់មកធ្វើការបូមស្លេស្ម។ បើសិនជាអ្នកយល់ថាមានការពិបាកក្នុងការស៊កសុង អ្នកត្រូវពិនិត្យមើល ETT ឬកាតេទែរបូមស្លេស្ម រកមើលការច្បត់ឬកាច់សុង

15. ដាក់មេដៃដែលមិនថ្នឹកនៅលើរន្ធខ្យល់របស់ទុយោបូមស្លេស្ម ហើយធ្វើការបូមស្លេស្មជាប់រហូតនិងធ្វើការដកទុយោបូមស្លេស្មចេញពីសុង ETT ។ បង្វិលកាតេទែរបូមស្លេស្ម ដោយប្រើមេដៃ និងចង្អុលដៃក្នុងពេលដកទុយោចេញ

16. ផ្តល់ដង្ហើមដោយសប់បញ្ចូលខ្យល់រយៈពេល៣០វិនាទីមុនពេល និងបន្ទាប់ពីស៊កចូលក្នុងសុង ETT ​ ម្តងៗ

17. បូមលាងកាតេទែរបូមស្លេស្មដោយទឹកស្តេរីល បើសិនជាចាំបាច់

18. នៅពេលដែលសុង ETT មានភាពស្រឡះត្រូវបូមស្លេស្មចេញពីច្រមុះនិងបំពង់ក

19. សម្រាប់កាតេទែរបូមស្លេស្មដែលប្រើរួចហើយត្រូវរុំកាតេទែរជុំវិញដៃរួចដោះស្រោមដៃគ្របពីលើពេលនោះកាតេទែរត្រូវស្ថិតនៅក្នុងស្រោមដៃ រួចដោះស្រោមដៃម្ខាងទៀតបោះចោលក្នុងធុងសម្រាម

20. បិទម៉ាស៊ីនបូមស្លេស្ម

21. ចាក់ចោលសេរ៉ូមប្រៃឬទឹកស្តេ​រីលដែល​នៅសល់

22. ពិនិត្យ និង​វាយតម្លៃសម្លេងដង្ហើម ដើម្បីកំណត់ពីស្ថានភាពក្រោយពីការបូមស្លេស្ម

23. ដោះឧបករណ៍ការពារចេញ និងលាងដៃ

24. កត់ត្រាចូលក្នុងឯកសារអ្នកជម្ងឺ កាលបរិច្ឆេទ ពេលវេលា បច្ចេកទេស បរិមាណ ពណ៌ ក្លិន ការឆ្លើយតបរបស់អ្នកជម្ងឺក្រោយការអនុវត្តន៍ទម្រង់ការ

ចំណាំៈ ត្រូវធ្វើការផ្លាស់ប្តូរ ដបបូមស្លេស្ម និងទុយោរៀងរាល់ ៧២ម៉ោង ឬនៅពេលណាដែលដបពេញ។

៥.៣​ ការបូមស្លេស្មតាមបំពង់ចោះផ្លូវដង្ហើម

        សម្ភារ

·           ឧបករណ៍ការពារខ្លួនដូចជាម៉ាស​ វ៉ែនតា​ ម៉ាសការពារមុខនិងភ្នែក

·           ទុយោបូមស្លេស្ម និងម៉ាស៊ីនបូមស្លេស្ម

·           បំពង់សម្រាប់ភ្ជាប់ទុយោបូមស្លេស្មទៅនិងម៉ាស៊ីនបូមស្លេស្ម

·           ទឹកស្តេរីល ឬសេរ៉ូមប្រៃស្តេរីល

·           ពែង ឬផ្តិលស្តេរីល

·           ឧបករណ៍សប់ដង្ហើមដោយដៃ មានភ្ជាប់ជាមួយអុកស៊ីសែន

·           ស្តេតូស្កុប

·           ថ្នាំសម្រាប់ផ្តល់អោយមុនពេលធ្វើទម្រង់ការបើចាំបាច់

ទម្រង់ការ

1.    ពន្យល់អ្នកជម្ងឺនឹងក្រុមគ្រួសារពីទម្រង់ការដែលត្រូវធ្វើ

2.    ប៉ាន់ប្រមាណស្ថានភាពនៃការដកដង្ហើមរួមទាំងសញ្ញាគ្លីនិកដែលបញ្ជាក់ពីតម្រូវការនៃការបូមស្លេស្មពីបំពង់ខ្យល់

3.    រៀបចំសម្ភារ

4.    តាមដានសញ្ញាជីវិត និងសញ្ញាកង្វះអុកស៊ីសែន មុនពេល​ ក្នុងអំឡុងពេលនិងក្រោយពេលបូមស្លេស្ម

5.    ត្រូវប្រាកដថាម៉ាស៊ីនបូមស្លេស្មបើកដំណើរការ ហើយស្ថិតនៅក្នុងសំពាធមួយដែលត្រូវបានណែនាំឲ្យប្រើប្រាស់

6.    លាងដៃ

7.    ជ្រើសរើសយកទុយោបូមស្លេស្ម ទៅតាមទំហំខាងក្នុងនៃបំពង់ចោះផ្លូវដង្ហើម

8.    វាស់ប្រវែងទុយោដែលត្រូវស៊កបញ្ចូលមុនពេលបូមស្លេស្ម ហើយបូកបន្ថែម០.៥­១ស.ម ដើម្បីឲ្យទុយោបូមស្លេស្ម​ ចូលផុតពីបំពង់ចោះផ្លូវដង្ហើម

9.    ពាក់ស្រោមដៃស្តេរីល និងពាក់ឧបករណ៍ការពារដែលចាំបាច់

10. កាន់ទុយោបូមស្លេស្មជាមួយដៃដែលមិនថ្នឹក ហើយកាន់កាតេទែរបូមស្លេស្មជាមួយដៃដែលថ្នឹកដើម្បីតភ្ជាប់គ្នា

11. ដោះអុកស៊ីសែន ឬប្រព័ន្ធដកដងើ្ហមចេញពីអ្នកជម្ងឺដោយប្រើដៃមិនថ្នឹកហើយសប់ខ្យល់អោយអ្នកជំងឺ ដើម្បីឲ្យកម្រិតអុកស៊ីសែនបានខ្ពស់

12. ស៊កបញ្ចូលទុយោបូមស្លេស្មទៅក្នុងបំពង់ចោះផ្លូវដង្ហើមដោយមិនធ្វើការបូម

13. ដាក់មេដៃនៅលើប្រហោងបិទបើកខ្យល់កាតេទែរបូមស្លេស្ម ហើយធ្វើការបូមស្លេស្មក្នុងពេលដកកាតេទែរបូមស្លេស្មចេញ បន្តិចម្តងៗ

14. ភ្ជាប់ប្រព័ន្ធដកដង្ហើម ឬបំពង់អុកស៊ីសែនដល់អ្នកជម្ងឺ ដោយផ្តល់អុកស៊ីសែនឲ្យបានកម្រិតខ្ពស់ ឬផ្តល់ចលនាដង្ហើមជាមួយប្រដាប់សប់ដង្ហើមបើត្រូវការ

15. ប៉ាន់ប្រមាណឡើងវិញពីសេចក្តីត្រូវការសម្រាប់ការរុញចូលបន្ថែមនៃកាតេទែរបូមស្លេស្ម ហើយបន្តអនុវត្តការបូមស្លេស្មតាមរបៀបដដែលៗ រហូតដល់អស់ស្លេស្មឬផ្លូវដង្ហើមស្រឡះ

16. បោះចោលទុយោបូមស្លេស្ម បន្ទាប់ពីបូមរួចត្រូវរុំវាដោយដៃដែលកាន់ប្រើ ហើយទាញស្រោមដៃចេញអោយផ្នែកខាងក្នុងចេញមកខាងក្រៅ រួចដោះស្រោមដៃម្ខាងទៀតហើយបោះចោលក្នុងធុងសម្រាម

17. បាញ់លាងទុយោបូមស្លេស្មដោយបូមទឹកសេរ៉ូមប្រៃ ឬទឹកស្តេរីល

18. បិទម៉ាស៊ីនបូមស្លេស្ម ហើយទុកអោយបានត្រឹមត្រូវ និងងាយមើលឃើញ

19. ប៉ាន់ប្រមាណឡើងវិញពីសម្លេងដង្ហើមដើម្បីកំណត់ពីការប្រែប្រួលផ្សេងៗក្រោយពីការបូមស្លេស្មរួច

20. ដោះឧបករណ៍ការពារចេញ និងលាងដៃ

21. កត់ត្រាចូលក្នុងឯកសារអ្នកជម្ងឺ កាលបរិច្ឆេទ ពេលវេលា បច្ចេកទេស បរិមាណ ពណ៌ ក្លិន ការឆ្លើយតបរបស់អ្នកជម្ងឺក្រោយការអនុវត្តន៍ទម្រង់ការ

៥.៤. ការបូមស្លេស្មតាមសុងអាំងទុយបេ ប្រព័ន្ធបិទ

          សម្ភារ

·         ម៉ាស៊ីនបូមស្លេស្ម​ និង ទុយោបូមស្លេស្ម

·         ទំហំទុយោបូមស្លេស្មសមស្រប(closed suction device)

·         សឺរុំាង សេរ៉ូមប្រៃ ដែលមាន ៣ ម.ល ឬ ៥ ម.ល

·         ស្រោមដៃស្តេរីល

·         ឧបករណ៍ការពារបើចាំបាច់

ទម្រង់ការ

1.      ពន្យល់ក្រុមគ្រួសារនិងអ្នកជំងឺពីទម្រង់ការដែលត្រូវធ្វើ

2.      ប្រមូលសម្ភារដែលត្រូវប្រើដាក់ក្បែរគ្រែអ្នកជំងឺ

3.      លាងដៃនិងពាក់ឧបករណ៍ការពារបើចាំបាច់

4.      ពិនិត្យស្លាកសម្គាល់អ្នកជំងឺ

5.      បើកម៉ាស៊ីន និង លៃតម្រូវសម្ពាធម៉ាស៊ីនបូមស្លេស្ម

6.      បើកកញ្ចប់ closed suction ដោយប្រើបច្ចេកទេសសូន្យរោគ

7.      ពាក់ស្រោមដៃស្តេរីល

8.      ប្រើដៃដែលមិនថ្នឹក ផ្តាច់សុងអាំងទុយបេពី Ventilator។ ដាក់ Ventilator tubing ដោយរក្សាភាពស្តេរីល និងកាន់សុងអាំងទុយបេដោយដៃមិនថ្នឹក

9.      ប្រើដៃដែលថ្នឹក ភ្ជាប់កាតេទែរបូមស្លេស្មទៅនឹងសុងអាំងទុយបេ ដោយរក្សាភាពស្តេរីលនៃកាតេទែរបូមស្លេស្ម

10.  រក្សាភាពស្តេរីលនៃ Ventilator tubing ផ្នែកខាងក្នុង រួចភ្ជាប់ផ្នែកកែងនៃកាតេទែរបូមស្លេស្មទៅនឹងសុងអាំងទុយបេ បន្ទាប់មកត្រូវភ្ជាប់កាតេទែរបូមស្លេស្មជាមួយនឹង close suction

11.  បើកគម្របខ្នែងនៃកាតេទែរបូមស្លេស្មរួចភ្ជាប់ទៅនឹងសឺរ៉ាំងដែលមានសេរ៉ូមប្រៃ

12.  បង្កើនការសប់ខ្យល់ដោយចុចប៊ូតុងនៅលើ Ventilator មុននឹងធ្វើការបូមស្លេស្ម។ បើកគម្របកាតេទែរបូមស្លេស្មដើម្បីងាយស្រួលស៊កកាតេទែរបូមស្លេស្ម

13.  កាន់កាតេទែរបូមស្លេស្មដែលមានស្រោមចម្ងាយប្រហែល១៥​ស.ម ពីសុងអាំងទុយបេ ។ ស៊កកាតេទែរបូមស្លេស្មចូលទៅក្នុងសុងអាំងទុយបេដោយថ្នមៗ។ បន្តការស៊កកាតេទែរបូមស្លេស្មដោយទាញថង់ការពារថយក្រោយបន្តិចម្តងៗរហូតដល់ទីតាំងដែលយើងចង់បានដោយមិនឱ្យលើស 0,៥ ស.ម ពីចុងសុង។ មិនត្រូវសង្កត់គន្លឹះនៃផ្លូវបំបែកជាបីទេ

14.  អនុវត្តការបូមស្លេស្មដោយសង្កត់ទៅលើប៊ូតុងដោយប្រើមេដៃដែលថ្នឹក។ បង្វិលកាតេទែរបូមស្លេស្មដោយថ្នមៗដោយប្រើមេដៃនិង​ចង្អុលដៃដែលថ្នឹក ហើយទាញថយក្រោយយឺតៗ។ មិនត្រូវធ្វើការបូមស្លេស្មលើសពី១០ទៅ១៥វិនាទី ក្នុងពេលបូមម្តងៗនោះទេ។ បង្កើនកំហាប់អុកស៊ីសែន (FiO2) ឬ ចុចប៊ូតុងនៅលើ Ventilator តាមវេជ្ជបញ្ជា បើសិនជាចាំបាច់

15.  ខណៈពេលដែលដកកាតេទែរបូមស្លេស្មមកវិញ បន្ធូរប៊ូ​តុងថ្នមៗ ដោយបាញ់សេរ៉ូមប្រៃបញ្ចូលដើម្បីលាងសម្អាតកាតេទែរបូមស្លេស្មឱ្យស្អាត ។ ត្រូវទុករយៈពេលយ៉ាងហោចណាស់ ៣០­៦០ វិនាទី ចាំបូមស្លេស្មម្តងទៀត ប្រសិនត្រូវការ ។​ មិនត្រូវបូមស្លេស្មឱ្យលើសពី ៣ដងទេ

16.  នៅពេលបញ្ចប់ទម្រង់ការនេះ ត្រូវប្រាកដថាកាតេទែរបូមស្លេស្មត្រូវតែទាញទៅក្នុងស្រោមវានិងបិទគន្លឹះវិញ ។ ដកសឺរ៉ាំងចេញពីប្រហោង និងបិទប្រហោងវិញ

17.  បើបូមស្លេស្មក្នុងមាត់ ត្រូវប្រើកាតេទែរផ្សេងមួយទៀត ដែលប្រើហើយបោះចោល និងសម្អាតមាត់អ្នកជំងឺ ។ ដោះស្រោមដៃចេញ និង បិទម៉ាស៊ីនបូមស្លេស្ម

18.  វាយតម្លៃឡើងវិញពីស្ថានភាពដង្ហើមរបស់អ្នកជំងឺ រាប់បញ្ចូលទាំង ចង្វាក់ដង្ហើម ការប្រឹងដកដង្ហើម កម្រិតអុកស៊ីសែនក្នុងឈាម និងសំឡេងសួត

19.  ដោះចេញនូវឧបករណ៍ការពារ ប្រសិនបើបានប្រើ និងលាងដៃ

20.  កត់ត្រាចូលក្នុងឯកសារអ្នកជម្ងឺ កាលបរិច្ឆេទ ពេលវេលា បច្ចេកទេស បរិមាណ ពណ៌ ក្លិន ការឆ្លើយតបរបស់អ្នកជម្ងឺក្រោយការអនុវត្តន៍ទម្រង់ការ

ឯកសារយោង

Vicky, R. B., & Cindy, S. G. (2012). Pediatric Nursing Procedures (3rd ed.). Fullerton, CA: Lippincott. (pp: 672-678)

ការរៀបចំអត្ថបទ

-        រៀបរៀងដោយៈ ថៃ ឆៃអ៊ីម

-        ត្រួតពិនិត្យដោយៈ ស៊ិនកេត រ៉ាណែត

-        អក្ខរាវិរុទ្ធៈ